Featured Post

សម្បថរបស់តុលាការ និងមន្ត្រីរាជការ បំរើរាស្ត្រ

ក្នុងពេលបំពេញវិជ្ជាជីវៈជាចៅក្រម និងព្រះរាជអាជ្ញា ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាថា នឹងប្រតិបត្តិតួនាទី ភារកិច្ច និងប្រើសិទ្ធិអំណាចរបស់ទូលបង...

. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធ We should live without fear

ព៍ត៌មានទាន់ហេតុការណ៍ៈ សមាគមអាដហុក ពិភាក្សាលើវគ្គអប់រំ និងតស៊ូមតិ

Tuesday, February 2, 2021

សម្បថរបស់តុលាការ និងមន្ត្រីរាជការ បំរើរាស្ត្រ



ក្នុងពេលបំពេញវិជ្ជាជីវៈជាចៅក្រម និងព្រះរាជអាជ្ញា ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាថា នឹងប្រតិបត្តិតួនាទី ភារកិច្ច និងប្រើសិទ្ធិអំណាចរបស់ទូលបង្គំយើងខ្ញុំ ក្នុងឋានៈជាចៅក្រម និងព្រះរាជអាជ្ញា ដោយគោរពឲ្យបានត្រឹមត្រូវតាម រដ្ឋធម្មនុញ្ញ និងក្រមទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ញា ។ ទូលព្រះបង្គំយើងខ្ញុំ
សូមសច្ចាថា នឹងស្មោះត្រង់ចំពោះវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវឧត្តមគតិជាតិ ព្រមទាំងបំពេញវិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ វីរភាព និងយុត្តិធម៌ ។ ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្រើប្រាស់សតិសម្បជញ្ញៈ និងឧត្តមគតិជាតិ ក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការអនុវត្តច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវវៀរចាកពីអគតិធម៌ទាំង ៤ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងប្រកាន់នូវគុណធម៌ប្រកបដោយ វីរយាសម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធ វិនិច្ឆ័យ ។ បើទូលព្រះបង្គំយើងខ្ញុំ មិនបានប្រព្រឹត្តតាមតួនាទី ភារកិច្ច និងអំណាច ដូចដែលបានសច្ចាខាងលើទេនោះ សូមព្រះវិញ្ញាណក្ខណ្ឌអតីតព្រះមហាក្សត្រ អស់ទេព្រក្ស អារុកអារក្ខ អ្នកតាយាយទេព និងវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក ដាក់ទោសទណ្ឌដល់ទូលបង្គំយើងខ្ញុំទាំងក្នុងឥធលោក(លោកបច្ចុប្បន្ន) និងបរលោក(អនាគត) កុំបីអាក់ខានឡើយ៕ ដកស្រង់ពី អត្ថបទ លោក ប៉ែន ប៊ុណ្ណារ៍ ចុះនៅលើគេហទំព័រផ្ទាល់ខ្លួន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៥

ប្រារព្ធវាទ (សេចក្តីអំពាវនា)

លេខ ៣៥ធយ ប្រក០៧ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧ របស់ទីស្តីការក្រសួងយុត្តិធម៌

         បពិត្រអស់ទេពារ័ក្ស អារុក្ខអារក្ស អ្នកតា និងបារមីដ៏សក្តិសិទ្ធិ មានៈ ព្រះអង្គដង្កើរ ព្រះអង្គក្រពុំឈូល ព្រះអង្គ ស្វេតច្ឆ័ត្រ ព្រះអង្គចេក ព្រះអង្គចេក ព្រះអង្គចម អ្នកតាឃ្លាំងមឿង អ្នកតាក្រហមក លោកតាដំបងដែក លោកតាដំបងក្រញូង លោកយាយទេព ព្រះអង្គវិហារសួគ៌ ព្រះអង្គព្រះជីវ៏វត្តបារាយណ៍ ព្រះអង្គវត្តភ្នំខ្លែងជាដើម ។ 

សូមយាងអញ្ជើញមកធ្វើជាអធិបតីក្នុង ពិធីសម្បថ ត្បិតយើខ្ញុំ បានចូលខ្លួនមកសុំ ធ្វើសម្បថសច្ចាប្រណិធាន ដើម្បី បំពេញតួនាទីជាភ្នាក់ងារនគរបាលយុត្តិធម៌នាពេលនេះ ។

            បើយើងខ្ញុំប្រព្រឹត្តល្អៀងឃ្លាងឃ្លាតចាកច្បាប់ មិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដោយមានចេតនាទុច្ចរិត សូម អស់ទេពារ័ក្ស អារុក្ខអារក្ស អ្នកតា យាយទេព និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ បំផ្លាញយើងខ្ញុំឲ្យវិនាសលាញ ឲ្យស្លាប់ តៃហោងយ៉ាងវេទនា ដោយគ្រាប់កាំភ្លើង ខែ្សភ្លើងឆក់ រន្ទះបាញ់ ឡានម៉ូតូបុក ខ្លាខាំ ពស់ចឹក លុះអនាគតជាតិ ឲ្យ ព្រាត់ប្រាស់និរាសឪពុកម្តាយ បងប្អូន កូនចៅឲ្យក្ររហេមរហាម ខ្សត់ទ្រព្យរងទុក្ខវេទនា អស់ប្រាំរយជាតិ ។

            បើយើងខ្ញុំប្រព្រឹត្តល្អទៀងត្រង់ ត្រឹមត្រូវតាមគន្លងច្បាប់ យកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តការងារ ដោយ ស្មោះត្រង់អស់ពីចិត្តពីថ្លើម សូមអស់ទេពារ័ក្ស អារុក្ខអារក្ស អ្នកតា យាយទេព និង បារមីដ៏ស័ក្តិសិទ្ធិក្នុងលោកជួយ ឲ្យយើងខ្ញុំ មានអាយុវែងយឺនយូរ មានសេចក្តីសុខដុមរមនា មានសុខភាពល្អ មានទ្រព្យសម្បត្តិ មាស ប្រាក់កែវកង ពិទូរ្យកាន្ត សម្បូរហូរហៀរ លុះអនាគតនាគតជាតិ បានជួបតែសេចក្តីល្អ មានទ្រព្យស្តុកស្តម្ភ កិត្តិយសថ្លៃថ្នូរ ចម្រុង ចម្រើន ថ្កុំថ្កើងរុងរឿង សមដូចសេចក្តីដូចបំណង ប៉ងប្រាថ្នា កុំបីអាក់ខានឡើយ ៕





Thursday, January 28, 2021

ជន​រងគ្រោះក្នុង​រឿង​ប៉េអឹម​វាយ​​ស្លាប់​​ពេល​ឃុំ​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ប្ដឹង​រក​យុត្តិធម៌​ទៅ​​សាលា​ឧទ្ធរណ៍

 

ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ​វាយ​ដុំ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ក្នុង​ពេល​ឃុំ​ខ្លួន ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​។ ការ​ប្ដឹង​នេះ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បាន​ផ្ដន្ទាទោស​លើ​ជន​ប្រព្រឹត្ត ២នាក់​ដាក់​ពន្ធនាគារ​ម្នាក់ ៤ឆ្នាំ និង ៧ឆ្នាំ តែ​ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ។

ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​បាន​ប្ដឹង​រក​យុត្តិធម៌​លើ​រឿង​នេះ គឺ​លោក អាន សារួន​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១៩ មករា​ថា សាលា​ដំបូង​ខេត្ត​បាត់ដំបង​ដាក់​ទោស​លើ​ជន​ប្រព្រឹត្ត​នោះ​ស្រាល​ពេក គឺ​មិន​សម​នឹង​ទង្វើ​របស់​ជនល្មើស ដែល​បាន​វាយ​ធ្វើ​បាប​ពួក​លោក​ដូច​សត្វ​ធាតុ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​បាក់​ឆ្អឹង​ជំនី ហើយ​ឈឺ​ចុក​ចាប់​នៅ​លើ​ដើម​ទ្រូង​ធ្វើ​ការងារ​អ្វី​មិន​បាន​ឡើយ៖ «ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ព្រោះ​ឃើញ​ថា ទោស​អ្នក​ធ្វើ​ទារុណកម្ម ឬ​សម្លាប់​មនុស្ស ចុង​ក្រោយ​ដូច​គ្មាន​ន័យ។ គាត់​បង់​ប្រាក់​បន្តិចបន្តួច សម្រាប់​គាត់​អ្នក​មាន​សម្លាប់​មនុស្ស​ហើយ វា​វាយ​ខ្ញុំ​ឱ្យ​របួស​ស្នាម​អស់​មួយ​ជីវិត​ហើយ ទោស​គាត់​ប៉ុណ្ណឹង​វា​ស្រាល​ពេក។ ខ្ញុំ​មាន​កំហឹង​ឈឺ​ចាប់​ខ្លាំង​បំផុត ដែល​ខ្ញុំ​ដេក​ឈឺ​រាល់​ថ្ងៃ​នេះ។ ខ្ញុំ​ចង់​ឱ្យ​តុលាការ​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ រឿង​លុយ​កាក់​មិន​សំខាន់​ប៉ុន្មាន​ទេ សំខាន់​រក​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ដល់​ខ្ញុំ​ផង»

An_Ruon_012120_1.jpg
លោក អាន រួន ជា​ជន​រងគ្រោះ​ម្នាក់ ក្នុង​ចំណោម ៥នាក់ ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់​​យក​ទៅ​ឃុំ និង​វាយដំ​ឱ្យ​ស្លាប់​ម្នាក់ កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​របស់​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នោះ​លោក ទុយ ស្រស់ គឺ​លោក​ស្រី ប៊ុយ គិមឡាក់ ថ្លែង​ថា មន្ត្រី​ប៉េអឹម ២នាក់​នោះ​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​ប្ដី​របស់​លោក​ស្រី​រហូត​ដល់​ស្លាប់។ ដូច្នេះ​តុលាការ​គួរតែ​ដាក់​ទោស​លើ​ជន​ល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។ ស្ត្រី​វ័យ ៣៧ឆ្នាំ​រូប​នេះ​ប្រាប់​ថា ចាប់​តាំង​ពី​ប្ដី​ស្លាប់​មក​ធ្វើ​ឱ្យ​ជីវភាព​របស់​លោក​ស្រី​កាន់​តែ​ក្រ​លំបាក ព្រោះ​បាត់​បង់​មនុស្ស​បង្គោល​ក្នុង​គ្រួសារ៖ «ខ្ញុំ​ឈឺ​ចាប់​ណាស់។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​ពីរ​ម៉ែ និង​កូន មិន​មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ជំពាក់​ប្រាក់​ធនាគារ​ច្រើន គ្មាន​អ្នក​ណា​គេ​ជួយ​ដោះ​ស្រាយ​ទេ ហើយ​ធនាគារ​គេ​មក​ទារ​ប្រាក់​ខ្ញុំ​រាល់​ថ្ងៃ។ គេ​ធ្វើ​ឱ្យ​ខ្ញុំ​បាត់បង់​ប្ដី រក​យុត្តិធម៌​ឱ្យ​ប្ដី​ខ្ញុំ​ឱ្យ​បាន​សមរម្យ​ផង។ ខ្ញុំ​លំបាក​ណាស់ ខ្ញុំ​រក​អី​មិន​បាន​ហូប​ទេ រាល់​ថ្ងៃ​នាំ​កូន​ដេក​យំ»

Tuy_Sras_wife.jpg
​លោក​ស្រី ប៊ុយ គិមឡាក់ ជា​ប្រពន្ធ​លោក ទុយ ស្រស់ (រូបស្ដាំ) ដែល​ស្លាប់​ដោយសារ​ការ​វាយ​ធ្វើបាប​របស់​​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ពេល​ចាប់​​លោក​យក​ទៅ​ឃុំ ព្រោះ​តវ៉ា​រឿង​ដីធ្លី កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក

កាល​ពី​ថ្ងៃ​ទី១៣ មករា តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ផ្ដន្ទាទោស​មេ​បញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ស ប៊ុនសឿង ឱ្យ​ជាប់ពន្ធនាគារ ៤ឆ្នាំ និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ចំនួន ៥នាក់ ក្នុង​ម្នាក់​ពី ២០លាន ទៅ ៣០លាន​រៀល។ ចំណែក​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​នេះ គឺ​លោក ឆយ រដ្ឋនា វិញ តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​៧ឆ្នាំ និង​បង្គាប់​ឱ្យ​បង់​ប្រាក់​សំណង​ដល់​ជន​រង​គ្រោះ ដែល​រង​របួស ៤នាក់ ក្នុង​ម្នាក់​ពី ២០លាន ទៅ ៣០លាន​រៀល ព្រម​ទាំង​បង់​ប្រាក់ ៤០លាន​រៀល​ដល់​អ្នក​ស្លាប់។ ជន​រង​គ្រោះ ៤នាក់​បាន​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​នេះ ហើយ​ពួកគាត់​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​បាន​ប្រថាប់​ត្រា​ទទួល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ទាំង​នោះ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី១៨ មករា។ មន្ត្រី​តុលាការ​បាន​ប្រាប់​ពួកគាត់​ថា តុលាការ​ឧទ្ធរណ៍​នឹង​ចាត់​វិធានការ​លើ​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ។

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា វិញ លោក​យល់​ថា ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដាក់​ទោស​លើ​ជន​ល្មើស​ស្រាល​ពេក។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រឿង​នេះ​ជា​ការ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ គឺ​ពុំ​មែន​ជា​ការ​ប្រើ​ហិង្សា​ដោយ​អចេតនា​នោះ​ឡើយ។ លោក​ថា តុលាការ​គួរ​តែ​ដាក់​ទោស​ជន​ល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ ដើម្បី​កុំ​ជន​ប្រព្រឹត្ត និង​សមត្ថកិច្ច​ដទៃ​ទៀត ចេះ​តែ​ធ្វើ​បាប​ពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៅ​ថ្ងៃ​ក្រោយ​ទៀត៖ «កម្ពុជា​យើង​ក៏​បាន​ផ្ដល់​នូវ​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ប្រឆាំង​នឹង​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​អមនុស្សធម៌​ហ្នឹង​ទៅ​ទៀត។ ក្រម​ព្រហ្មទណ្ឌ​ក៏​មាន​ចែង​អំពី​ស្ថាន​ទម្ងន់​ទោស​ហ្នឹង គឺ​ធ្ងន់ធ្ងរ​ជាង​ការ​ចោទ​ប្រកាន់​ទៅ​លើ​បទ​ល្មើស ហិង្សា​ចេតនា​ហ្នឹង។ អីចឹង មិន​គួរ​ខាង​តុលាការ​ចោទ​ប្រកាន់ ហើយ​និង​សម្រេច​សេចក្ដី​ទោស​ប៉ុណ្ណឹង​ទេ វា​អត់​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ប្រព្រឹត្ត​របស់​ជន​ប្រព្រឹត្ត»

កាល​ពី​ថ្ងៃ​ទី២៩ ធ្នូ ឆ្នាំ២០១៩ ពលរដ្ឋ​ជាង ១០០នាក់ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលា​ខេត្ត​បន្ទាយមានជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ពួក​គាត់។ មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាប់​ក្រុម​អ្នក​តវ៉ា ៥នាក់​យក​ទៅ​ឃុំខ្លួន ហើយ​បាន​វាយ​ដុំ​បណ្ដាល​ឱ្យ​លោក ទុយ ស្រស់ ស្លាប់ និង​ពលរដ្ឋ ៤នាក់​ទៀត រង​របួស​ធ្ងន់ និង​ស្រាល។ ភ្លាមៗ នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​អើពើ​ស៊ើប​អង្កេត​ករណី​នេះ​ទេ បើ​ទោះ​បី​ជា​សាក្សី និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​នោះ​ទាមទារ​រក​យុត្តិធម៌​ក៏​ដោយ។ ការ​ឃុំ​ខ្លួន​ជនល្មើស បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ​រឿង​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី រហូត​មក​ទល់​ពេល​នេះ ជន​រង​គ្រោះ​នៅ​ទាន់​អស់​ចិត្ត​នៅ​ឡើយ​ទេ។ ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ប្រសិន​បើ​តុលាការ​ឧទ្ធរណ៍​កាត់​ក្ដី​មិន​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ពួក​គាត់​ទេ នោះ​ពួក​គាត់​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក លោកស្រីអាចចុចអានព័ត៌មានដើមទាំងស្រុងនៅទីនេះ

បុគ្គលិកសមាគមអាដហុក បានជួបជុំគ្នា ពិភាក្សាលើគំរោង អប់រំ និងផ្សព្វផ្សាយ តាមបណ្តារខេត្ត/ក្រុង

 កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ សមាគមអាដហុក ភ្នំពេញបាន បានប្រារព្ធពិធីជួបជុំគ្នា ដើម្បីពិភាក្សាអំពីគំរោងកម្មវិធីអប់រំ និងផ្សព្វផ្សាយ ដែលមានការឧត្ថម្ភពីម្ចាស់ជំនួយ  USIAD  ។ នៅក្នុងការពិភាក្សាលើ ចំណុចមួយចំនួន ដែលត្រូវរក្សាទុក ហើយចំណុចមួយចំនួន ត្រូវបានធ្វើឲ្យ ប្រសើរឡើងជាងមុន ។ ក្នុងការកែប្រែមេរៀន និងយុទ្ធ សាស្ត្រ ដែលធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋ នៅ ក្នុងសហគមន៍ បានយល់ដឹងច្បាស់ អំពីច្បាប់ និង សិទ្ធិមនុស្ស ហើយនិងពួកគាត់បានស្គាល់តួនាទី និង កាតព្វកិច្ចរបស់គាត់ជាម្ចាស់ សិទ្ធិ ម្ចាស់អំណាច និង ម្ចាស់វាសនានៃប្រទេសជាតិ ។ យើងពង្រឹងឲ្យគាត់បានដឹងថាគាត់ជាម្ចាស់ ដែលច្បាប់បានប្រគល់ជូន ដល់ពួកគាត់ ហើយនិងការពាររបស់ពួកគាត់ ។ ការពារសិទ្ធិ សេរីភាពជាមូលដ្ឋាន នៅក្នុងសង្គម ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ។  ក្នុងចំណុច នៃការពិភាក្សារយៈពេលមួយថ្ងៃ បានជួយសំរួលដល់គំរោង ដែលអនុ វត្តកន្លងមក ដោយមានភាពស្មុគ្រស្មាញ ត្រូវបានកែលម្អឲ្យបានរលូន ដែលធ្វើឲ្យសហគមន៍ងាយយល់ និងងាយអនុវត្តន៍ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់ប្រសើរជាងមុន ៕  



សកម្មភាពពង្រឹងសិទ្ធិ អំណាចសហគមន៍ មូលដ្ឋាន ខេត្តបន្ទាយមានជ័យ

             នៅក្នុងឆ្នាំ២០២០ កន្លងមក សមាគមអាដហុក បានបើកវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពី ពង្រឹងសិទ្ធិសេរីភាព ជាមមូលដ្ឋាន នៅតាមឃុំដាច់ស្រយោល នៅតាមស្រុកនីមួយៗ នៅ ខេត្ត     



បន្ទាយមានជ័យ ។ ក្នុងឆ្នាំ ២០២០ សមាគមអាដហុក បានជ្រើសរើសឃុំចំនួន ៣  ដែលភូមិចំនួន ១២ ក្នុងស្រុកមួយ ដែលមានប្រជាពលរដ្ឋចូលរួមសរុប ១២០រូប ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន ។ សមាគមអាដហុក បានចងក្រងសហគមន៍ ដើម្បីឲ្យពួកគាត់ ចេះការពារផលប្រយោជន៍របស់ពួកគាត់នៅក្នុងសហគមន៍ និងមានការចូលរួមប្រជុំ និងការតស៊ូ មតិ ជាមួយអាជ្ញាធរ ព្រមចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឲ្យចំគោលដៅ ហើយនិងមានការដោះស្រាយបញ្ហា នៅ ក្នុងសហគមន៍របស់ពួកគាត់ ។ សហគមន៍ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ពួកគាត់បានយកដឹងអំ ពីច្បាប់ និងសិទ្ធិមនុស្ស ហើយពួកគាត់ចេះជួយការពារផលប្រយោជន៍ពួកគាត់នៅក្នុងសហគមន៍ ។ សមាគមអាដហុក ខេត្តបន្ទាយមានជ័យ នៅមានវគ្គប្រជុំបណ្តាញ វគ្គសិក្ខាសាលាថ្នាក់តំបន់ និងវគ្គ ទស្សនៈកិច្ចសិក្សា នៅខាងក្រៅប្រទេស ។ សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្ត សិស្ស និស្សិត ចូលរួមក្នុងវគ្គបណ្តុះបណ្តាល អំពីសិទ្ធិមនុស្ស និង ច្បាប់ ផងដែរ ៕

សមាគមអាដហុក ការពារសិទ្ធិមនុស្ស ធ្វើការឆ្លុះបញ្ចាំងសកម្មភាពរយៈពេល១ឆ្នាំ

កាលពីថ្ងៃទី ២៦ និង ២៧ ខែមករា ឆ្នាំ២០២១ សមាគមអាដហុក បានជួបប្រជុំបុគ្គលិកទាំង អស់ ចូលរួមឆ្លុះបញ្ចាំងការងាររយៈពេល ១ឆ្នាំកន្លងមក ដោយពិនិត្យទៅលើសកម្មភាព និង លទ្ធផល ការងារ ព្រមទាំងភាពប្រឈម ។ ក្រោយពីការធ្វើការឆ្លុះបញ្ចាំងរួចហើយ បានធ្វើផែនការសម្រាប់អនុវត្ត១ ឆ្នាំ បន្តទៅទៀត ទៅលើគំរោងផ្សេងៗ ថាតើគំរោងណា មួយត្រូវអនុវត្តបន្តទៀត ឬ គំរោងណាមួយ មិនអាច បន្តទៀតបាន។ 

ការឆ្លុះបញ្ចាំង ក្នុងរយៈពេល ២ ថ្ងៃនេះ ត្រូវបានបញ្ចប់ ប្រកដោយភាពស្និទ្ធស្នាល រីករាយសោមនស្ស ៕

Saturday, July 7, 2012

សង្គម​ស៊ីវិល​លើក​អនុសាសន៍​ជូន​រដ្ឋាភិបាល​លុប​បំបាត់​ការ​ធ្វើ​ទារុណកម្ម


2012-06-26
ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​ពី​ច្រើន​ស្ថាប័ន លើក​អនុសាសន៍​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​លុប​បំបាត់​សកម្មភាព​ធ្វើ​ទារុណកម្ម​គំរាម​សួរ​ចម្លើយ​របស់​សមត្ថកិច្ច ទៅ​លើ​ជន​សង្ស័យ​ឲ្យ​បាន​ជា​ស្ថាពរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កន្លង​មក។
RFA/Den Ayuthea
លោកស្រី ពុង ឈីវកេក (ឆ្វេង) លោក ធន សារ៉ាយ (កណ្តាល) និង​លោក​មេធាវី សុក សំអឿន (ស្ដាំ) ក្នុង​ទិវា​អន្តរជាតិ​គាំទ្រ​ជន​រង​គ្រោះ នៃ​អំពើ​ទារុណកម្ម របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២។
មន្ត្រី​សង្គម​ស៊ីវិល​ធំៗ​ចំនួន​៧​ស្ថាប័ន បាន​ឲ្យ​ដឹង​នៅ​ក្នុង​ទិវា​អន្តរជាតិ​គាំទ្រ​ជន​រង​គ្រោះ នៃ​អំពើ​ទារុណកម្ម របស់​អង្គការ​សហប្រជាជាតិ ដែល​រៀប​ចំ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ ក្រោម​ប្រធាន​បទ ‍"ការ​ស្តា​នីតិសម្បទា"។
ពិធី​នេះ អ្នក​រៀប​ចំ​បាន​អញ្ជើញ​ជន​រង​គ្រោះ ដែល​ធ្លាប់​ទទួល​ទារុណកម្ម ដើម្បី​ចែក​រំលែក​ពី​ផល​ប៉ះពាល់ នៃ​អំពើ​ទារុណកម្ម​ក្នុង​ជីវិត​របស់​ពួក​គេ​បាន​ជួប​ប្រទះ។
លោក ធន សារ៉ាយ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​ជា​ប្រធាន​សមាគម អាដហុក (Adhoc) ស្ថិត​ក្នុង​ចំណោម​អង្គការ​ចំនួន​៧ ដែល​បាន​រៀប​ចំ​ទិវា​អន្តរជាតិ​គាំទ្រ​ជន​រង​គ្រោះ នៃ​អំពើ​ទារុណកម្ម បាន​ចាត់​ទុក​ទិវា​នេះ​ថា មាន​សារសំខាន់ និង​ទាម​ទារ​ឲ្យ​កម្ពុជា​ចូល​រួម​ជាមួយ​ពិភពលោក លុប​បំបាត់​អំពើ​ទារុណកម្ម​នេះ​ឲ្យ​បាន​ជា​ដាច់​ខាត។
លោក​ឲ្យ​ដឹង​ថា អំពើ​ទារុណកម្ម​ក្នុង​ប្រទេស​កម្ពុជា ភាគ​ច្រើន​កើត​ឡើង​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស។ ព្រោះ​ថា ក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង​នៃ​ការ​ឃុំ​ខ្លួន ជន​សង្ស័យ​ភាគ​ច្រើន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មេធាវី​ទេ ហើយ​ជា​ញឹក​ញាប់​ជន​សង្ស័យ​ភាគ​ច្រើន ត្រូវ​រង​អំពើ​ទារុណកម្ម​ឲ្យ​សារភាព ដោយ​ការ​ដាក់​ខ្នោះ​ដៃ​ជើង និង​ការ​បំភិត​បំភ័យ ឬ​ការ​គំរាម​កំហែង​ចំពោះ​សាច់​ញាតិ​ជា​ដើម។
លោក ធន សារ៉ាយ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​បំបាត់​ទង្វើ​អមនុស្សធម៌​របស់​ប៉ូលិស ទៅ​លើ​ជន​សង្ស័យ​ឲ្យ​បាន​ជា​ស្ថាពរ ព្រោះ​ថា កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​នេះ​តាំង​ពី​ឆ្នាំ​១៩៩២ មក ក៏​ប៉ុន្តែ​អំពើ​ទារុណកម្ម​នៅ​តែ​បន្ត​កើត​មាន​ដដែល។
អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ទាប​បន្ថោក ឬ​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ របស់​អង្គការ​សហប្រជាជាតិ ដែល​គេ​ស្គាល់​ថា ជា​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ត្រូវ​បាន​អនុម័ត​ដោយ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៨៤ និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៨៧។
ទាក់​ទង​បញ្ហា​នេះ លោកស្រី​បណ្ឌិត ពុង ឈីវកេក នាយិកា​អង្គការ លីកាដូ (Licadho) បាន​ឲ្យ​ដឹង​ថា អំពើ​ទារុណកម្ម​នៅ​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស ទៅ​លើ​ជន​សង្ស័យ ឬ​អ្នក​ទោស​ដែល​លីកាដូ​រក​ឃើញ​ក្នុង​ឆ្នាំ​២០១១ មាន​ចំនួន ១៣៥​ករណី។ ដូច្នេះ ចំនួន​នេះ​នៅ​តែ​ជា​បញ្ហា​ចោទ ដែល​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​វិធានការ​លុប​បំបាត់​ជា​បន្ទាន់។ លោកស្រី​បន្ត​ថា ទម្រង់​ទូទៅ​បំផុត​នៃ​ការ​ធ្វើ​ទារុណកម្ម គឺ​ប៉ូលិស​បាន​វាយ​ដំ​លើ​រាងកាយ និង​ការ​ឆក់​ខ្សែ​ភ្លើង​ជា​ដើម។
លោកស្រី​បណ្ឌិត​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ គឺ​រួម​ផ្សំ​ដោយ​អសកម្មភាព ឬ​ភាព​គ្មាន​ឆន្ទៈ​របស់​តុលាការ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ទារុណកម្ម។
ហើយ​ថា​បញ្ហា​នេះ ជន​រង​គ្រោះ និង​សាក្សី​នៅ​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ផល​ត្រឡប់​មក​វិញ និង​មិន​ហ៊ាន​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​ទេ ព្រោះ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ហើយ​ទ្រាំ​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន។
បន្ថែម​លើ​នេះ លោក​មេធាវី សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ ឈាន​ដល់​ដាក់​ទោសទណ្ឌ ចំពោះ​សមត្ថកិច្ច​ដែល​បាន​ធ្វើ​អំពើ​ទារុណកម្ម​ទៅ​លើ​ជន​សង្ស័យ​មុន​បញ្ជូន​ទៅ​កាន់​តុលាការ។
យ៉ាង​ណា​ក៏​ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ស្ថាប័ន បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ទារុណកម្ម​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស ដូច​ជា​ដាក់​ខ្នោះ​ដៃ​ជើង និង​ការ​វាយ​ដំ​លើ​ជន​ជាប់​ចោទ​ជា​ដើម។
ត្រូវ​បង្កើត​ច្បាប់​ដែល​មាន​តម្លាភាព និង​ច្បាស់​លាស់ ដោយ​កំណត់​និយមន័យ និង​កំណត់​អំពើ​ទារុណកម្ម​ជា​បទ​ឧក្រិដ្ឋ និង​ទុក​ជា​គំរូ​ចំ​ពោះ​សំណុំ​រឿង​ដែល​នឹង​ត្រូវ​បាន​កាត់​ក្តី​នៅ​ក្នុង​តុលាការ​ជា​ដើម។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​តំណាង​រដ្ឋាភិបាល ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​សង្គម​ស៊ីវិល​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២៕

នក​ឃ្លាំ​មើល៖ ការ​មិន​គោរព​សិទ្ធិ​មនុស្ស​នៅ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា


2012-07-08
ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា សេចក្ដី​ព្រាង​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន​ដែល​ប្រទេស​ជា​សមាជិក​កំពុង​តែ​បន្ត​ពិភាក្សា និង​ឆ្លង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា នេះ នឹង​ពុំ​អាច​ធានា​បាន​ពី​ប្រសិទ្ធភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​នោះ​ទេ។
Adhoc Photo
២០-កុម្ភៈ-២០១២៖ កម្មការិនី​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ក្នុង​ពេល​កំពុង​តវ៉ា សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។
ក្រុម​អ្នក​ឃ្លាំ​មើល​លើ​សេចក្ដី​ព្រាង​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ ចាត់​ទុក​ថា​ សូម្បី​តែ​កម្ពុជា ខ្លួន​ឯង​ក៏​នៅ​តែ​ខកខាន​នៅ​ឡើយ​​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ បើ​ទោះ​ជា​មាន​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ដែល​កំណត់​ដោយ​កិច្ច​ព្រម​ព្រាង​សន្តិភាព​ទីក្រុង​ប៉ារីស យ៉ាង​ណា​ក្ដី។
តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ការ​គោរព​សិទ្ធិមនុស្ស?
ក្រុម​អ្នក​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហៅ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​ ដែល​គេ​កំពុង​ពិភាក្សា​នៅ​ឡើយ ឬ​បើ​ទោះ​បី​ឈាន​ទៅ​ដល់​ការ​អនុម័ត​ជា​ផ្លូវ​ការ​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​ពុំ​មាន​ឥទ្ធិពល​ណា​មួយ​ដែល​អាច​គ្រប់​ដណ្ដប់​ដល់​វិធានការ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ពេញ​លេញ​នោះ​ទេ។
ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​អះអាង​បែប​នេះ ដោយសារ​គេ​មើល​ឃើញ​ថា ខណៈ​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ គេ​ឃើញ​មាន​ការ​ឆ្លើយ​តប​តិច​តួច​ណាស់​ក្នុង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សន្ធិសញ្ញា​នានា​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​សិទ្ធិ​មនុស្ស​នេះ។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម។ លោក​គិត​ថា ប្រទេស​កម្ពុជា មិន​មែន​ជា​​គំរូ​ល្អ​សម្រាប់​បណ្ដា​ប្រទេស​នៃ​សមាជិក​អាស៊ាន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​​នោះ​ទេ។ លោក​គិត​ថា កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​បន្ថែម​ទៀត​បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ដែល​​រីក​លូត​លាស់​ផ្នែក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន ដូច​ជា​ប្រទេស​ថៃ ជាដើម។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជា​អ្នក​វិភាគ​ឯករាជ្យ។ លោក​បង្ហាញ​កង្វល់​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ទំនង​​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ធានា​ពី​កាតព្វកិច្ច និង​ប្រសិទ្ធភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ព្រោះ​កម្ពុជា​នៅ​តែ​ខកខាន​នៅ​ឡើយ​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ធានា​ថា ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី ឬ​ការ​ប្រឆាំង​នូវ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​រួម។
លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំ​ព្រួយ​បារម្ភ​បំផុត​គឺ​សេចក្ដី​ថ្លែងការណ៍​នោះ​វា​មាន និយាម ឬ​ក៏​ការពារ​ធានា​សិទ្ធិ​មនុស្ស​ទាប​ជាង ហើយ​តិច​ជាង​អ្វីៗ​ដែល​ជា​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា»
លោក អំ សំអាត អ្នក​គ្រប់​គ្រង់​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)។ លោក​ចាត់​ទុក​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ជា​ឫស​គល់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស គឺ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ច្បាប់​ការ​ពារ​សម្រាប់​អ្នក​មាន​អំណាច ឬ​ជន​មាន​ឥទ្ធិ​ពល និង​យន្តការ​របស់​រដ្ឋ​នៃ​ការ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ​នៅ​តែ​ពុំ​ទាន់​​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។
លោក អំ សំអាត៖ «មូលហេតុ​ដែល​មាន​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​យើង គឺ​ទី​មួយ​កើត​ចេញ​អំ​ពី​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល។ ក្រៅ​ពី​ហ្នឹង​ការ​រឹតត្បិត​ទៅ​លើ​ផ្នែក​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​ដូច​ជា​ការ​ជួប​ជុំ​ការ​ប្រមូល​ផ្ដុំ»
លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ (Advance Research consultant Team= ART)។ លោក​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បើ​ទោះ​ជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ដែល​គិត​ថា មាន​ភាព​ប្រសើរ​ផ្នែក​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ដូច​ជា​ប្រទេស​​ថៃ និង​ឥណ្ឌូនេស៊ី យ៉ាង​ណា​ក្ដី តែ​ថា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ហាក់​ដើរ​បញ្ច្រាស​ទិស​ទៅ​វិញ។
លោក កែម ឡី៖ «ទោះ​បី​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​៤ ដែល​ខ្ញុំ​សង្កេត​នៅ​ក្នុង​បណ្ដា​ប្រជាជាតិ​អាស៊ាន បន្ទាប់​ពី​ថៃ បន្ទាប់​ពី​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ហ្វីលីពីន ម៉ាឡេស៊ី​អី​ក៏ដោយ ក៏​ប៉ុន្តែ​ស្ថាន​ភាព​ហាក់​បី​ដូច​ដើរ​បី​ជំ​ហា​ន​​ទៅ​មុខ​បួន​ជំហាន​មក​​ក្រោយ​ពីរ​ជំហាន​ទៅ​មុខ​បី​ជំហាន​មក​ក្រោយ​យ៉ាងម៉េច​មិន​ដឹង​ទេ​ខ្មែរ​យើង»
វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អា​អាម៉េរិកាំង​មួយ​ឈ្មោះ​ថា ហ្រ្វីឌឹម ហៅស៍ (Freedom House) បាន​ចេញ​ផ្សាយ​​របាយការណ៍​របស់​ខ្លួន​​​ប្រចាំ​ឆ្នាំ​២០១២ អំពី​សង្គម​ជាតិ​សាសន៍​ដែល​គាប់​សង្កត់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​របាយការណ៍​នោះ គេ​បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​លើ​ប្រទេស​ចំនួន​១៨៥។ ក្នុង​នោះ ហ្រ្វីឌឹម ហៅស៍ រក​ឃើញ​ថា ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រទេស​​​ដែល​មិន​ទាន់​សេរី​នៅ​ឡើយ។
ការ​ស្រាវជ្រាវ​នេះ​ក្នុង​ន័យ​ដើម្បី​ពិនិត្យ​លើ​សិទ្ធិ​នយោបាយ និង​សេរីភាព​ផ្នែក​ស៊ីវិល​ដែល​ឆ្នាំ​២០១២ ស្ថានភាព​នេះ​កំពុង​ធ្វើ​ដំណើរ​ថយ​ក្រោយ។ ហ្វ្រីឌឹម ហៅស៍ ឲ្យ​​ដឹង​ថា ប្រទេស​ដែល​ពលរដ្ឋ​មាន​សិទ្ធិ និង​សេរីភាព​ពេញលេញ បាន​ពិន្ទុ​លេខ ១ រី​ឯ​ពិន្ទុ​លេខ ៧ ជា​ប្រទេស​គាប​សង្កត់ រឹតត្បិត​ខ្លាំង​ជាង​គេ។ ក្នុង​ចំណោម​នោះ​ប្រទេស​កម្ពុជា បាន​ពិន្ទុ​លេខ ៦ ខាង​សិទ្ធិ​នយោបាយ និង​លេខ ៥ ខាង​សេរីភាព​ស៊ីវិល។
កត្តា​ចាំបាច់​ដែល​នាំ​ឲ្យ​មាន​​សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស ឬ​​ហៅ​ថា សន្ធិសញ្ញា​អន្តរជាតិ​នោះ គឺ​បន្ទាប់​ពី​រក​ឃើញ​ថា ការ​សម្លាប់​រង្គាល និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្រោយ​ពី​មាន​វិបត្តិ​សង្គ្រាម​លោក​លើក​ទី​២ រួច​មក។ បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភពលោក​បាន​អនុម័ត​យក​សេចក្ដី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​​ក្នុង​ឆ្នាំ​១៩៤៨ ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​តទៅ​ទៀត។
កម្ពុជា​ក៏​បាន​ជាប់​កាតព្វកិច្ច​ក្នុង​ការ​អនុម័ត​យក​សេចក្ដី​ប្រកាស​ជា​សកល​នេះ ដើម្បី​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ព្រោះ​កម្ពុជា​ក៏​ធ្លាប់​មាន​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាត់​បង់​សិទ្ធិ​សេរីភាព​ការ​សម្លាប់​រង្គាល និង​មាន​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។
បើ​ទោះ​ជា​ក្របខ័ណ្ឌ​ច្បាប់​​បាន​កំណត់​យក​គោលការណ៍​ដូច​ដែល​មាន​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​បែប​នេះ​ក្ដី តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​នេះ​​រក​ឃើញ​ថា ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ដើរ​ថយក្រោយ​មួយ​ជំហាន​យ៉ាង​ឆ្ងាយ​ដែល​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង។
មន្ត្រី​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត កត់​សំគាល់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​បន្ត​ញ៉ាំញី​កាន់​តែ​ខ្លាំង​ដូច​ជា​ក្នុង​ឆ្នាំ​២០១២ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ខេត្ត​កោះកុង កម្មការិនី​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវ​រង​ការ​បាញ់​ប្រហារ និង​កុមារី​នៅ​ខេត្ត​ក្រចេះ បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ដោយ​ហិង្សា​ក្នុង​ជម្លោះ​ដីធ្លី។
សង្គម​ស៊ីវិល​ចាត់​ទុក​ថា និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ដោយ​ជ្រក​ក្រោម​ផ្លាក​អភិវឌ្ឍន៍ ជា​មនុស្ស​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល និង​ជន​ដៃដល់​ដែល​មាន​អំណាច​តែង​រួច​ខ្លួន​ពី​​សំណាញ់​ច្បាប់។
លោក អំ សំអាត ថ្លែង​ថា ដើម្បី​ធានា​ឲ្យ​​ប្រទេស​មួយ​​មាន​នីតិរដ្ឋ​ពោល គឺ​យក​ច្បាប់​ជា​មូលដ្ឋាន លុះ​ត្រា​តែ​ប្រព័ន្ធ​យុត្តិធម៌​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល និង​ធ្វើ​ការ​ដោយ​ឯករាជ្យ៖«ដើម្បី​ឲ្យ​មាន​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ សំខាន់​បំផុត​វា​ទាក់​ទង​នឹង​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា»
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​ចេញ​ផ្សាយ​ដោយ​ភ្ជាប់​នូវ​របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឲ្យ​ដឹង​ថា អំពើ​​ពុក​រលួយ​គឺ​ជា​មូល​ហេតុ​ក្នុង​ចំណោម​ហេតុផល​​ផ្សេង​ទៀត​ដែល​ជា​មុខ​សញ្ញា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី ១៦៤ ក្នុង​ចំណោម​ប្រទេស ១៨៣ នៅ​លើ​ពិភព​លោក​ដែល​មាន​អំពើ​ពុករលួយ។
បើ​ទោះ​ជា​​បែប​នេះ​ក្ដី​គេហទំព័រ​របស់​រដ្ឋាភិបាល​ស្ដី​ពី​សេចក្ដី​ព្រាង​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឲ្យ​ដឹង​ថា បេសកកម្ម​នៃ​អន្តររដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​សេចក្ដី​នៃ​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​ដែល​នឹង​ត្រូវ​ដាក់​ចូល​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា។ ផ្អែក​តាម​ធម្មនុញ្ញ​នេះ អាស៊ាន​នឹង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស។
ក៏​ប៉ុន្តែ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​បណ្ដាញ​សង្គម ឬ​ហៅ​ថា Facebook កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា របាយការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឆ្នាំ​២០១១។ របាយការណ៍​នោះ​រក​ឃើញ​ថា ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ពុំ​មាន​ការ​ប្រជុំ​ទៀង​ទាត់ ឬ​ដំណើរការ​ប្រកប​ដោយ​តម្លាភាព​ឡើយ។ សហរដ្ឋ​អាមេរិក​លើក​ឡើង​ទៀត​ថា គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ប៉ិនប្រសប់​ក្នុង​ការ​ធ្វើ​របាយការណ៍​សម្រាប់​កិច្ច​ប្រជុំ​ជា​អន្តរជាតិ​នានា ស្ដី​ពី​សិទ្ធិ​មនុស្ស។ ក៏​ប៉ុន្តែ​ស្ថាប័ន​របស់​រដ្ឋ​មួយ​នេះ​ខក​ខាន​ពុំ​ដែល​បាន​ស៊ើប​អង្កេត​ពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ដោយ​ឯករាជ្យ​ឡើយ។
វិទ្យុ​អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​ចំ​ពោះ​បញ្ហា​នេះ​ជា​ច្រើន​ថ្ងៃ​ពី​លោក ឱម យ៉ិនទៀត ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តែ​លោក​បញ្ជាក់​ថា ជាប់​រវល់។ ចំណែក​មន្ត្រី​របស់​រដ្ឋាភិបាល​ផ្សេង​ទៀត​ឆ្លើយ​តប​ថា ពុំ​អាច​អត្ថាធិប្បាយ​បាន​ទេ។
យ៉ាង​ណា​ក៏​ដោយ លោក អំ សំអាត​ ថ្លែង​ថា ដើម្បី​ធានា​ឲ្យ​​ប្រទេស​មួយ​​មាន​នីតិរដ្ឋ ពោល​គឺ​យក​ច្បាប់​ជា​មូលដ្ឋាន ឬ​ថា​ការ​គោរព​សិទ្ធិ​មនុស្ស​ត្រូវ​បាន​អនុវត្ត​នោះ លុះ​ត្រា​តែ​ប្រព័ន្ធ​យុត្តិធម៌​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​រដ្ឋាភិបាល និង​ធ្វើ​ការ​ដោយ​ឯករាជ្យ៕

Wednesday, May 30, 2012

តុលាការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ

ដោយ សុខ សេរី

2012-05-30
សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក លាង សុខជឿន ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល នៅ​ក្រុង​តាខ្មៅ នៅ​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២ ក្រោយ​ពី​បាន​ជាប់​ឃុំ​ខ្លួន​រយៈពេល ២​ឆ្នាំ តាម​សាលក្រម​កាត់​ទោស​របស់​តុលាការ​ខេត្ត​តាកែវ កន្លង​មក។
RFA/Sok Serey
បុគ្គលិក​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក លាង សុខជឿន ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២។

ការ​ដោះលែង​នេះ​ត្រូវ​បាន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​បរទេស​ចំនួន​ជាង ១០០​នាក់ ទៅ​រង់ចាំ​ស្វាគមន៍​នៅ​មុខ​ពន្ធនាគារ​នោះ។
លោក លាង សុខជឿន ត្រូវ​បាន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត បាន​បំពាក់​កម្រង​ផ្កា​ម្លិះ និង​ជូន​បាច់​ផ្កា​ពណ៌​ក្រហម នៅ​ពេល​ចេញ​ពី​ពន្ធនាគារ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​បាន​ពោល​ថា សូម​អរគុណ​ដែល​បាន​មក​សំដែង​ការ​គាំទ្រ​នៅ​ពេល​នេះ។
លោក​បាន​មាន​ប្រសាសន៍​នៅ​មុខ​ពន្ធនាគារ​ថា លោក​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដោយ​បាន​រួច​ចេញ​ពី​ពន្ធនាគារ​វិញ​នៅ​ពេល​នេះ៖ «ប៉ុន្តែ ​ខ្ញុំ​តូច​ចិត្ត​ដោយ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​នូវ​ទោស​កំហុស​អ្វី​សោះ តែ​ត្រូវ​តុលាការ​ចាប់​ខ្ញុំ​ដាក់​គុក​អស់​រយៈពេល ២​ឆ្នាំ​ដោយ​អយុត្តិធម៌​បំផុត ...នេះ​ជា​ការ​សោក​ស្ដាយ​របស់​ខ្ញុំ។ បាទ! ពីរ​ឆ្នាំ​នៅ​ក្នុង​គុក ខ្ញុំ​គ្មាន​បាន​អ្វី​ទទួល​ទេ មាន​តែ​ការ​ឈឺ​ចាប់ និង​ឃើញ​ទុក្ខ​លំបាក​របស់​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​តែប៉ុណ្ណោះ។ ពួក​គាត់​មិន​អាច​មាន​របប​អាហារ​គ្រប់គ្រាន់ ឬ​ក៏​ទឹក មិន​អាច​ប្រើប្រាស់​គ្រប់គ្រាន់ មាន​បញ្ហា​គាប​សង្កត់​ផ្លូវ​ចិត្ត​ខ្លះ​ទៀត​ពី​សំណាក់​មន្ត្រី»
ជាមួយ​គ្នា​នេះ​ដែរ​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី ពុង ឈីវកេក បាន​មាន​ប្រសាសន៍​នៅ​មុខ​ពន្ធនាគារ​ដែរ​ថា ការ​ជាប់​ក្នុង​ពន្ធនាគារ​របស់ លាង សុខជឿន កន្លង​មក​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ដោយសារ​លោក​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
លោកស្រី ពុង ឈីវកេក៖ «ថ្ងៃ​នេះ ជឿន បាន​ចេញ​ពី​ពន្ធនាគារ ដូច្នេះ​ខ្ញុំ​មាន​ការ​រីក​រាយ​ណាស់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ការ​តូច​ចិត្ត​ណាស់ ដោយសារ ជឿន អត់​បាន​ធ្វើ​ខុស​អី ហើយ ជឿន ជាប់​ទោស ២​ឆ្នាំ ដោយ​អយុត្តិធម៌​បំផុត។ អត់​មាន​ភស្តុតាង​អី តែ​មួយ​គត់​សោះ ដែល​អាច​ចោទ ជឿន បាន ដូច្នេះ​ការ​កាត់​ទោស ជឿន នេះ​គឺ​ជា​អយុត្តិធម៌​បំផុត។ យើង​មាន​ការ​សោកស្ដាយ ដូច្នេះ​យើង​សូម​បួងសួង​ទេវតា​កុំ​ឲ្យ​ឃើញ​អយុត្តិធម៌​អ៊ីចឹង​ទៀត ហើយ​យើង​សុំ​សំណូមពរ​ទៅ​តុលាការ សូម​ធ្វើ​ម៉េច​កុំ​ឲ្យ​ពួក​ខ្ញុំ​ឃើញ​អយុត្តិធម៌​ដូច្នេះ​ទៀត»
សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ លោក លាង សុខជឿន ត្រូវ​បាន​តុលាការ​ខេត្ត​តាកែវ បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក ២​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១០ កន្លង​ទៅ ក្រោម​បទ​ចោទ​ថា បាច​ត្រាក់​នៅ​ខេត្ត​តាកែវ ប្រឆាំង​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ថា ជា​ថ្ងៃ​យួន​ឈ្លាន​ពាន​កម្ពុជា។ លោក​ត្រូវ​បាន​ផ្ទេរ​មក​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​កណ្តាល វិញ ដោយសារ​តែ​ពន្ធនាគារ​នៅ​ខេត្ត​តាកែវ ចង្អៀត​ណែន។
ចំណែក​ឯ​ជនសង្ស័យ​ចំនួន ៤​នាក់​ទៀត​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​តុលាការ​ខេត្ត​តាកែវ ក៏​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​រវាង ២​ឆ្នាំ ទៅ ៣​ឆ្នាំ ក្រោម​បទ​ចោទ​ដូច​គ្នា។
ការ​ដោះលែង​លោក លាង សុខជឿន នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​ដែល​តុលាការ​កំពូល​បាន​សំរេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ ខេត្ត​តាកែវ ចាត់​ទុក​ជា​បាន​ការ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
ការ​ដោះ​លែង​នេះ ដោយសារ​តែ​លោក លាង សុខជឿន បាន​ជាប់​ពន្ធនាគារ​ដល់​កំណត់​ទោស ២​ឆ្នាំ៕

Sunday, April 22, 2012

មន្ត្រី៖ ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជួន ពិរុទ្ធជន​ជា​ច្រើន​មិន​ចូលរួម​សវនាការ​ឧទ្ធរណ៍

ដោយ ទីន ហ្សាការីយ៉ា

2012-04-22
ប្រព័ន្ធ​តុលាការ​នៅ​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​រិះគន់​ថា មាន​ភាព​អយុត្តិធម៌ និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន កើត​មាន​នៅ​ក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ។
ភ្ជាប់​ទៅ​និង​បញ្ហា​នេះ មាន​ករណី​មួយ​ថ្មី​ទៀត ដែល​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) បាន​រក​ឃើញ​ថា មាន​ពិរុទ្ធ​ជន​ជា​ច្រើន ដែល​សាលាឧទ្ធរណ៍​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ។
អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​រក​ឃើញ​ពិរុទ្ធជន ឬ​ជន​ជាប់​ចោទ​ជិត ៨០០ នាក់ នៅ​ពន្ធនាគារ​ក្នុង​ខែត្រ​ចំនួន ១១ ត្រូវ​បាន​សាលាឧទ្ធរណ៍​កាត់​ទោស​កំបាំង​មុខ ដោយ​មិន​បាន​ដឹក​អ្នក​ជាប់​ឃុំ​ទាំង​នោះ ទៅ​ចូល​រួម​ឆ្លើយ​តទល់​នៅ​ក្នុង​សវនាការ​ឡើយ។
មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ មេសា​ថា ជន​ជាប់​ចោទ ទាំង​បទ​ឧក្រិដ្ឋ ទាំង​បទ​មជ្ឈិម ដែល​សាលា​ដំបូង​នៅ​តាម​ខែត្រ ក្រុង​ទាំង ១១ ក្នុង​ចំណោម ២៤ ខែត្រ​ក្រុង ដែល​សាលា​ដំបូង​បាន​កាត់​ទោស​រួច​នោះ ពួក​គេ​បាន​ប្ដឹង​ទាស់​សាល​ក្រម​សាលា​ដំបូង ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​សាលា​ឧទ្ធរណ៍​បើក​សវនាការ បែរ​ជា​នៅ​តាម​ពន្ធនាគារ​ទាំង​នោះ មិន​បាន​ជញ្ជួន​ពិរុទ្ធ​ជន ឬ​ជន​ជាប់​ចោទ​មក​ចូលរួម​ឆ្លើយ​ត​ទល់​នៅ​សវនាការ​ទេ។
លោក អំ សំអាត៖ «ប្រព័ន្ធ​យុត្តិធម៌​យើង​នេះ មិន​ទាន់​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​សវនាការ​កាល​ណា​អវត្តមាន​ជន​ជាប់​ចោទ វា​ខ្វះ​ចន្លោះ​ភាព​យុត្តិធម៌»។
អនុ​ប្រធាន​សាលា​ឧទ្ធរណ៍​លោក ជួន ស៊ុនឡេង បាន​ទទួល​ស្គាល់​ថា មាន​ពិរុទ្ធជន ឬ​ជន​ជាប់​ចោទ​មិន​បាន​មក​ចូលរួម​ក្នុង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​មែន ដោយសារ​តែ​បញ្ហា​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជួន។
លោក ជួន ស៊ុនឡេង៖ «អា​ហ្នឹង​មក​ពី​រឿង​ឧក្រិដ្ឋ​គេ​ដឹក​មក​សាលា​ ឧទ្ធរណ៍​វា​នៅ​ឆ្ងាយ។ ប៉ុន្តែ គេ​មាន​មេធាវី ហើយ​មេធាវី ឥឡូវ​នេះ​តិច​ណាស់ ពី​ព្រោះ​មេធាវី​របស់​អង្គការ​វា​អត់​មាន​ឥឡូវ»។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក អំ សំអាត បាន​លើក​ឡើង​ថា មាន​ពិរុទ្ធជន​ជិត ៨០០ នាក់​មាន​នៅ​ពន្ធនាគារ​នៅ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ ដូចជា នៅ​ខែត្រ​បន្ទាយ​មានជ័យ បាត់ដំបង កំពង់ធំ ពោធិ៍សាត់ កំពង់ស្ពឺ ក្រុង​ព្រះសីហនុ និង​ខែត្រ​មួយ​ចំនួន​ទៀត​មិន​បាន​ចូលរួម។
លោក អំ សំអាត បញ្ជាក់​ថា មូលហេតុ​ដែល​គេ​មិន​បញ្ជូន​ពិរុទ្ធជន​ទាំង​នោះ មក​ចូលរួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ ដោយសារ​ខាង​ពន្ធនាគារ​ទាំង​នោះ បញ្ជាក់​ថា ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជួន ខ្លះ​មាន​រថយន្ត​តែ​គ្មាន​លុយ​ចាក់​សាំង នៅ​ខែត្រ​ឆ្ងាយ​ពេក។ ខ្លះ​ទទួល​បាន​ដីកា​ពី​សាលា​ឧទ្ធរណ៍​យឺត​ជាដើម។
លោក អំ សំអាត៖ «សំណូមពរ​ដល់​រដ្ឋាភិបាល​គួរ​តែ​បង្កើត​សាលា​ឧទ្ធរណ៍​ នៅ​តាម​បណ្ដា​ភូមិភាគ។ ទី​១ គឺ​កាត់​បន្ថយ​ចំណាយ។ ទី​២ នៅ​តាម​បណ្ដា​ខែត្រ​នៅ​ជិត​ភូមិភាគ អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ពិរុទ្ធជន​មក​សាលា​ឧទ្ធរណ៍​នៅ​ជិតៗ ហ្នឹង​អាច​បញ្ជូន​មក​បាន​ហើយ»។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សង្កេតការណ៍​តុលាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ កម្ពុជា កញ្ញា ម៉ាង មូនីកា បាន​ពន្យល់​ថា បញ្ហា​ទំាង​នេះ មក​ពី​សាលា​ឧទ្ធរណ៍​នៅ​ប្រទេស​កម្ពុជា មាន​តែ​មួយ គឺ​នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​កញ្ញា មូនីកា បាន​លើក​ហេតុផល​ថា វា​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​សាលា​ឧទ្ធរណ៍​បាន​កាត់ទោស​កំបាំង​មុខ​នេះ ពីព្រោះ​ថា ពិរុទ្ធជន ឬ​ជន​ជាប់​ចោទ​ទាំង​នេះ មិន​មែន​មាន​ន័យ​ថា ពួក​គេ​ជា​មនុស្ស​មាន​ទោស​នោះ​ទេ លុះ​ត្រា​តែ​មាន​សាល​ក្រម​ចេញ​ជា​ស្ថាពរ ទើប​បញ្ជាក់​ថា ពួក​គេ​មាន​ទោស។
កញ្ញា ម៉ាង មូនីកា៖ «បញ្ហា​វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ ប្រសិន​បើ​ជន​ជាប់​ចោទ​ទាំង​អស់​នោះ ត្រូវ​បាន​គេ​កាត់​ទោស។ ពិសេស​ទៅ​ទៀត នៅ​ពេល​គេ​កាត់​ទោស​ពួក​គាត់​អត់​មាន​មេធាវី កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​អត់​មាន​អ្នក​ណា​ការពារ​ផល​ប្រយោជន៍​ឲ្យ​គាត់​ទៀត។ អ៊ីចឹង​ហាក់​បី​ដូច​ជា​តុលាការ​ហ្នឹង​ធ្វើ​ការ​តែ​ឯង»។
លោក អំ សំអាត បាន​បញ្ជាក់​ទៀត​ថា ចំនួន​ជិត ៨០០ នាក់ ដែល​អង្គការ លីកាដូ រក​ឃើញ​នេះ គិត​តាំង​ពី​ឆ្នាំ ២០១០ មក​ដល់​ដើម​ខែ​មេសា ឆ្នាំ ២០១២ នេះ។ លោក​អះអាង​ថា របាយការណ៍​នេះ គេ​នឹង​បញ្ចេញ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ២៤ មេសា​ខាង​មុខ៕

Monday, April 2, 2012

ស្ថាប័ន​ឃ្លាំមើល​សេរីភាព​ចង់​ឲ្យ​អាមេរិក​ពិនិត្យ​រឿង​នយោបាយ​នៅ​កម្ពុជា

2012-04-02
ស្ថាប័ន​ឃ្លាំមើល​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​អាមេរិក ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) បាន​ជំរុញ​ឲ្យ​សកម្មជន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំង​អស់ រួប​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​នានា​ពី​តាម​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​ពេញលេញ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។

អ្នក​សង្កេតការណ៍​ខាង​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​ឲ្យ​មាន​ ទស្សនវិស័យ និង​ចក្ខុវិស័យ​ជ្រៅ​ថែម​ទៀត ក្នុង​ការ​ចង​ក្រង​បណ្ដាញ​របស់​ខ្លួន ដើម្បី​គិតគូរ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។
លោក​អគ្គរដ្ឋទូត រីឆាដ សូឡូម៉ុន (Richard Solomon) ជា​ប្រធាន​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព មាន​មូលដ្ឋាន​ផ្ទាល់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក រីឆាដ ធ្លាប់​បាន​ចូល​រួម​តាក់តែង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១ ក្នុង​ការ​នាំ​យក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដល់​កម្ពុជា។
លោក​មាន​ប្រសាសន៍​ថា សហគមន៍​ខ្មែរ​ទាំង​ក្នុង និង​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក គួរ​បង្កើត​បណ្ដាញ​របស់​ខ្លួន​ឲ្យ​រឹង​ម៉ាំ ដើម្បី​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ឬ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន អាច​ជួយ​ដាក់​សម្ពាធ​ដល់​កម្ពុជា ក្នុង​បរិបទ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោរព​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
លោក រីឆាដ សូឡូម៉ុន៖ «បញ្ហា​សំខាន់​ចំពោះ​មុខ​ដែល​ត្រូវ​ធ្វើ​នោះ គឺ​អស់​លោក​ទាំង​អស់​គ្នា​គួរ​នាំ​គ្នា​បង្កើត​បណ្ដាញ​ចម្រុះ​មួយ ដែល​ព្យាយាម​ឲ្យ​មាន​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក៏​ដូច​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ពិនិត្យ​មើល​ឡើង​វិញ គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»
អនុសាសន៍​របស់​លោក ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លង​ទៅ ខណៈ​អង្គការ​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​វីជីនៀ (Virginia) សមាគម​ចាស់​ព្រឹទ្ធាចារ្យ និង​សមាគម​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាដែលព្យា (Philadelphia) ដាក់​បង្ហាញ​ញត្តិ​របស់​ពួកគេ​ដែល​កើត​ចេញ​តាម​រយៈ​ពិធី​រំលឹក​ខួប​កិច្ច​ ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២០ កាល​ពី​ខែ​តុលា ឆ្នាំ​មុន។
លោក រីឆាដ សូឡូម៉ុន មាន​ប្រសាសន៍​ថា លោក​នឹង​ជំរុញ​ឲ្យ​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ក្នុង​ការ​ពិនិត្យ​មើល​អំពី​ស្ថានការណ៍​នយោបាយ​ នៅ​កម្ពុជា៖ «ទាក់ទិន​នឹង​បញ្ហា​នេះ ខ្ញុំ​នឹង​ជជែក​ជាមួយ​លោក ឃឺត ខាំប៊ែល (Kurt Kambell) ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​មនុស្ស បន្ទាប់​ពី​គាត់ គឺ​លោក ចូសិប យន់ (Josep Yun) ថា តើ​បរិបទ​នៃ​ប្រទេស​កម្ពុជា ដូច​ដែល​អស់​លោក​បាន​លើក​ឡើង​នេះ អាច​មាន​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចការ​របស់​គេ​ដែរ ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​ធានា​ទេ។ គន្លឹះ​សំខាន់​មួយ​ទៀត​ខ្ញុំ​នឹង​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​របស់​អង្គការ ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ពីព្រោះ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​ធ្លាប់​ចូល​រួម​ពាក់ព័ន្ធ​ជាមួយ​នឹង​ ដំណើរ​ការ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ឮ​ដំណឹង​អ្វី​ពី​គាត់​នោះ ខ្ញុំ​នឹង​សុំ​ឲ្យ​គាត់​ផ្ដល់​បុគ្គលិក​សំខាន់​របស់​គាត់​ណា​ម្នាក់ ដើម្បី​ជួយ​ពិភាក្សា និង​ស្ដាប់​អំពី​កង្វល់​របស់​អស់​លោក»
សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​បាន​ពិនិត្យ​ឃើញ​ថា រាជ​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ចាំបាច់​នានា ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទាក់ទង​នឹង​ការ​ការពារ​អធិបតេយ្យភាព ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ការ​ធានា​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សហគមន៍​ខ្មែរ​អាមេរិកាំង​ក៏​បាន​បង្ហាញ​អំពី​ភាព​បាត់បង់​ជំនឿ​លើ​ឯករាជ​ភាព ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ករណី​ជន​អន្តោប្រវេសន៍​វៀតណាម ហូរ​ចូល​យ៉ាង​គំហុក​ដែល​គ្មាន​វិធានការ​ទប់​ស្កាត់ ការ​ឈ្លានពាន​ព្រំដែន​ពី​បណ្ដា​ប្រទេស​ជិត​ខាង ជា​ពិសេស​ប្រទេស​វៀតណាម និង​ការ​ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង សម រង្ស៊ី អាច​វិល​ចូល​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។
ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លោក យ៉ាប់ គឹមទឹង បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លទ្ធផល​នៃ​ជំនួប​ជា​លោក រីឆាដ សូឡូម៉ុន បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​វិជ្ជមាន ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​មាន​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ នយោបាយ​ប្រកប​ដោយ​សន្តិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ ខណៈ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហាក់​កំពុង​ដើរ​ថយ​ក្រោយ​នោះ។
ជាមួយ​គ្នា​នេះ​ផង​ដែរ អ៊ូ គឹមហួត ដែល​ជា​អតីត​ប្រធាន​សមាគម​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាដែលព្យា នៃ​រដ្ឋ​ផេនស៊ីលវានៀ (Pennsylvania) មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក ក៏​ដូច​ជា​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំង​អស់ នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៅ​មុខ​ទៀត ដើម្បី​ធ្វើ​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​សិទ្ធិ​សេរីភាព និង​សុភមង្គល​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស។
ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្លះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​កក​ស្ទះ​នូវ​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ខ្មែរ​មិន​អាច​ដោះស្រាយ​ជូន ​សង្គម​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន គេ​ឃើញ​មាន​ដូច​ជា​បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន និង​មន្ត្រី​រាជការ​មាន​កម្រិត​ទាប មិន​អាច​រស់​បាន​ក្នុង​សេចក្ដី​ថ្លៃថ្នូរ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឋានសួគ៌​គ្មាន​ទោសពៃរ៍​ជាដើម​នោះ អាច​នាំ​កម្ពុជា ឆ្ពោះ​ទៅ​រក​អស្ថិរភាព​ដ៏​ធ្ងន់ធ្ងរ។
ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ព្រំ សៅរ៍នរ៉ា ដែល​ជា​សមាជិក​ស្ថាបនិក​មួយ​រូប​ក្នុង​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ថ្លែង​ថា ដើម្បី​ឲ្យ​ប្រទេស​មួយ​មាន​ការ​ផ្លាស់ប្ដូរ​របត់​នយោបាយ​របស់​ខ្លួន​បាន លុះ​ត្រា​ប្រជាពលរដ្ឋ​ទាំង​អស់​ហ៊ាន​ក្រោក​ឈរ​តវ៉ា​បង្ហាញ​អន្តរជាតិ​ឲ្យ​ ដឹង​អំពី​អំពី​ភាព​អយុត្តិធម៌ និង​អំពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ។
ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​កសាង​ លទ្ធិប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ដោះ​ស្រាយ​វិបត្តិ​ព្រំដែន​ដោយ​សន្តិវិធី។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នឹង​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់ ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ ធ្វើ​យ៉ាង​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​របស់​ខ្លួន​ឲ្យ​បាន។ បញ្ហា​ធំៗ​ទាំង​នោះ​មាន​ដូចជា ករណី​ទំនាស់​ដីធ្លី​ធ្ងន់ធ្ងរ រដែ​ ញាំញី​ដោយ​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដែល​កំពុង​កក​ស្ទះ​ដោះ​មិន​ទាន់​ រួច​នោះ៕
 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons